ស្លាប់១ របូស៣៣ ដោយសារគ្រោះថ្នាក់ រថភ្លើង បើកធ្លាក់ផ្លូវ នៅប៊ែលហ្សិក (មានវីដេអូ)

វែតែរែន៖ រថភ្លើងផ្ទុកសារធាតុគីមីមួយគ្រឿង បានធ្លាក់ផ្លូវ ហើយបង្កជាអគ្គិភ័យភ្លាមៗ នៅភាគពាយព្យ ប្រទេស ប៊ែលហ្សិក កាលពីថ្ងៃសៅរ៍ ទី០៤ ខែឧសភា កន្លងទៅនេះ បណ្តាលមនុស្សម្នាក់ស្លាប់ និង ជាង៣០នាក់ផ្សេង ទៀតរងរបួស នេះបើតាមមន្រ្តីនៅក្នុងស្រុក។ ឧបទេ្ទវហេតុនេះ មិនត្រូវបានគេដឹងពីមូលហេតុភ្លាមៗនោះទេ។

គេហទំព័រ Wire Update បានរាយការណ៍នៅថ្ងៃអាទិត្យទី៥ ខែ ឧសភា ឆ្នាំ ២០១៣ ឧបទេ្ទវហេតុនោះ កើតឡើង នៅម៉ោង២ និង៣០នាទីរំលងអាធាត្រ (ម៉ោងនៅប៊ែលហ្សិក) ពេលដែលរថភ្លើង បានក្រឡាប់ចេញពីផ្លូវ នៅទីក្រុង Wetteren ខណៈកំពុងធ្វើដំណើរមកពីប្រទេសហូឡង់។ រថភ្លើងទាំងនោះ បានផ្ទុះឆាបឆេះភ្លាមៗ បង្កឱ្យអណ្តាត ភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអាធ្រាត។

អាជ្ញាធរ ក៏បានជួយជម្លៀសប្រជាពលរដ្ឋប្រមាណ២៥០នាក់ចេញពីកន្លែងកើតហេតុផងដែរ ជាមួយនិងការស្នើឱ្យ អ្នកភូមិ ឲ្យនៅក្នុងផ្ទះ និងបិទទ្វារបង្អួចឱ្យបានជិតផងដែរ ព្រោះក្លាចសាធាតុគីមីពុលបង្កជាជំងឺផ្សេងៗ៕

Photo by DAP-NEWS

ប្រភព៖ http://www.dap-news.com

កិច្ចប្រជុំ ADMM លើក​ទី៧ នៅ​ប្រទេស​ព្រុយណេ នឹង​ពិភាក្សា​អំពី​សន្តិ​សុខ របស់​ប្រជាជន​អាស៊ាន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានលើក ទី៧ ADMM (Asean Defence Minister Meeting) ដែលនឹងប្រព្រឹត្តឡើង នៅប្រទេសព្រុយណេ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ នេះ នឹងពិភាក្សាគ្នាអំពីបញ្ហា សន្តិសុខរបស់ប្រជាជនអាស៊ាន ហើយនឹងមិនលើកអំពី បញ្ហានៅតាមព្រំដែនរវាង ប្រទេសកម្ពុជា-ថៃឡើយ។

មានប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ មុននឹងឡើងយន្តហៅឆ្ពោះ ទៅកាន់ប្រទេសព្រុយណេ ដើម្បីចូលរួមនៃកិច្ចប្រជុំ ADMM នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍បន្តថា រដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងពិភាក្សាគ្នាជាច្រើន ទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់អាស៊ាន ហើយមិនតែប៉ុណ្ណោះកិច្ចប្រជុំ ក៏នឹងពិភាក្សាផងដែរអំពី ការធ្វើសមយុទ្ធរួមគ្នាមួយ រវាងអាស៊ាននិងប្រទេសបូកស្តីអំពី ការសង្គ្រោះគ្រោះមហន្តរាយ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា “ការសមយុទ្ធនេះ គឺស្ថិតនៅក្នុងរដ្ឋមន្រ្តី ការពារជាតិអាស៊ាន ជាអ្នកសម្រេច ជាមួយនឹងកម្លាំងបូក ដែលនឹងចូលរួមផងដែរតាមលទ្ធភាព គឺគេអាចនាំទៅដោយឧបករណ៍សម្ភារៈ ដែលមានការពាក់ព័ន្ធហ្នឹងក្នុងការជួយសង្គ្រោះ គ្រោះមហន្តរាយហើយ សម្រាប់កម្ពុជាយើង ក៏ចូលរួមចំនួនតូចផងដែរ តែខាងសុខាភិបាល ហើយកម្មវិធីសមយុទ្ធនេះ នឹងធ្វើឡើងនៅខែមិថុនា នៅប្រទេសព្រុយណេ”។

នាយឧត្តមសេនីយ៍ទៀ បាញ់បានមានប្រសាសន៍បន្តទៀតថា កិច្ចប្រជុំនេះនឹងមិនមានពាក់ព័ន្ធ អំពីបញ្ហាព្រំដែនកម្ពុជា-ថៃឡើយ ហើយថាវាជារឿងដោយឡែកតែប៉ុណ្ណោះ មិនមានផែនការណាមួយ សម្រាប់ដាក់ក្នុងរបៀបវរៈ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួង ការពារជាតិអាស៊ានឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួង ការពារជាតិអាស៊ានលើកទី៦ កាលពីឆ្នាំ២០១២កន្លងទៅ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ គឺកម្ពុជាបានលើកឡើង ដូចជាសន្តិសុខក្នុងតំបន់ជាអាទិភាព និង ចង់ឃើញអាស៊ានជាតំបន់មួយ មានសន្តិភាពនិងសុខដុមរមណីយកម្ម និងជាតំបន់មិនឲ្យមាន សង្គ្រាមស៊ីវិល ហើយនិងចង់ឲ្យមានការ តភ្ជាប់រវាងមនុស្សនិងមនុស្ស ពោលគឺអាស៊ានធ្វើអ្វីគ្រប់យ៉ាង គឺត្រូវមានការយោគយល់គ្នាជាដើម៕

ប្រភព៖ http://www.dap-news.com